Pacquiao បញ្ជាក់ថា អាចវ៉ៃបាន ២ប្រកួតក្នុងឆ្នាំ២០២១ បើទោះបីជាកើនវ័យ ៤២ឆ្នាំក៏ដោយ
(ម៉ានីល)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao បានថ្លែងថា រូបគេអាចឡើងសង្វៀនប្រដាល់បាន ២ប្រកួតសម្រាប់ឆ្នាំ២០២១ ទោះបីឈានចូលវ័យ ៤២ឆ្នាំក៏ដោយ។
កីឡាករប្រដាល់សកលដែលជានិម្មិតរូបរបស់ប្រទេសហ្វីលីពីន ដែលមានរហស្សនាម «Pac Man» ពុំមានដៃគូប្រកួតឡើយ គិតចាប់ពីបានផ្តួល Keith Thurman ដោយពិន្ទុដណ្តើមបានខ្សែក្រវាត់ WBA កាលពីឆ្នាំ២០១៩ មក។
Pacquiao ដែលឈានចូលវ័យ ៤២ឆ្នាំពេញលេញនាថ្ងៃទី១៧ ខែធ្នូស្អែកនេះបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា «យើងនៅតែមានការងារច្រើនក្នុងខែមីនាឆ្នាំក្រោយដែលធ្វើឲ្យខ្ញុំមិនទាន់អាចឡើងសង្វៀនបាននៅឡើយទេ តែខ្ញុំនៅតែអាចវ៉ៃបាន ២ប្រកួតសម្រាប់ឆ្នាំ២០២១»។
ដំបូងឡើយ Manny Pacquiao ត្រូវបានគេផ្តូផ្គងឲ្យប៉ះជើងខ្លាំងវ៉ៃ ៣៧ដងមិនដែលចាញ់ Terence Crawford ក្នុងឆ្នាំ២០២០ នេះ ដោយមានដាក់ខ្សែក្រវាត់ WBO ថែមទៀត តែដោយសារវិបត្តិកូវីដ១៩ រីករាលដាលទូទាំងសកលលោកនោះ ក៏ស្ងាត់ទៅវិញ៕
ប្រភពពី ៖ freshnewsasia