ករណី​….​មនុស្ស​ក្នុង​រថយន្ត​ដែល​ឆេះ​នៅលើ​មហាវិថី​ឈ្នះៗ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ការពិត

 

 

ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែកព្នៅ កំពុង​បន្ត​ស្រាវជ្រាវ​ករណី​ឆេះ​រថយន្ត​ ១ ​គ្រឿង នៅ​ចំណុច​ដង​មហាវិថី​ឈ្នះៗ ស្ថិតក្នុង​ភូមិ​កប់ស្រូវ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ កាលពី​វេលា​ម៉ោង​ ៣ ​ទៀបភ្លឺ ថ្ងៃទី​ ៨ ខែវិច្ឆិកា បន្ទាប់ពី​ពិនិត្យឃើញ​មាន​មនុស្ស​ម្នាក់​ឆេះ​ស្លាប់​នៅក្នុង​រថយន្ត​នោះ​។ នេះ​បើតាម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។

លោក​ ឈិន គឹមធុយ អធិការខណ្ឌ​ព្រែកព្នៅប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៨ វិច្ឆិកា​ថា រហូត​មកទល់​វេលា​ម៉ោង​ ១១ ​ព្រឹក​ថ្ងៃ​ដដែល​នេះ កងកម្លាំង​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​រថយន្ត​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ស្លាក​លេខ​រថយន្ត​ដែល​ឆេះ​នោះ គឺ​ភ្នំពេញ 2AC-9736 ដែលជា​តម្រុយ​មួយ​សម្រាប់​ស្វែងរក​សាច់ញាតិ​នៃ​ជនរងគ្រោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង នៅ​មិនទាន់​អាច​សន្និដ្ឋាន​លើ​ករណីនេះ​នៅឡើយ​ទេ ដោយសារ​នៅពេល​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ល្បាត​តាម​ដង​វិថី​នោះ ប្រទះឃើញ គឺ​រថយន្ត​បាន​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង និង​មនុស្ស​បាន​ឆេះ​ស្លាប់​បាត់ទៅហើយ​»​។

បើតាម​លោក​ គឹមធុយ ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ ស្វែងរក​ការពិត​លើ​ករណីនេះ​។ ខណៈ​សព​ជនរងគ្រោះ​ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​វត្ត​ស្ទឹងមានជ័យ​ក្នុង​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ការទំនាក់ទំនង​ពី​ក្រុមគ្រួសារ​សាច់ញាតិ​នៃ​សព​មក​នាំយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

ប្រភព៖| ភ្នំពេញ ប៉ុស្ដិ៍

Leave a Reply

Your email address will not be published. Required fields are marked *